Saturday, February 13, 2016

Couple Run ថ្ងៃ ១៤ កុម្ភៈ​រៃ​អង្គាស​ថវិកា​ជួយ​គន្ធ​បុប្ផា​

ប្រភពមកពី Postkhmer.com
ភ្នំពេញ: ក្នុង​គោល​បំណង​បញ្ចៀស​យុវជន​កុំ​ឲ្យ​ច្រឡំ​ថា ​ទិវា​នៃក្តី​ស្រឡាញ់ ១៤ ​កុម្ភៈ ជា​ថ្ងៃ​ត្រូវ​ដឹក​ដៃ​គ្នា​ចូល​បន្ទប់​​បង្ហាញ​ភាព​ស្មោះ​ស្ម័គ្រនោះ ​ទើប​មានការ​បង្កើត​ព្រឹត្តិការណ៍​កម្សាន្ដ​មួយ​ឈ្មោះ​​ថា រត់​ដើម្បី​បរិច្ចាគ រត់​ដើម្បី​ក្តី​ស្រឡាញ់ ​ឬ Couple Run​​ រៀបចំ​ដោយ​ក្រុម​ហ៊ុន​ Ice Watch សហការ​ជា​មួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​និង​សហព័ន្ធ​​អត្ដពលកម្ម​ខ្មែរ​ស្ម័គ្រចិត្ដ​ជា​លើក​ដំបូង​នៅ​កម្ពុជា​។
កម្ម​វិធី​ Couple Run នេះ​នឹង​​ធ្វើ​នៅ​ចំថ្ងៃទី ១៤​ ខែ​កុម្ភៈ​ឆ្នាំ ២០១៦​ នៅ​ឯ​បរិវេណ​ខាង​ក្រៅ​នៃពហុកីឡ​ដ្ឋាន​អូឡាំពិក​ ឬ​នៅ​ឯទី​ធ្លា​ខាង​ក្រោយ​ផ្សារទំនើប​ស៊ីធីម៉ល ចាប់​ពី​វេលា​ម៉ោង ៣ រសៀល ​រហូតទៅ​ដល់​វេលា​ម៉ោង ៨ យប់ ដើម្បី​ប្រមែ​ប្រមូល​ថវិកា​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ។
ម៉ូដែល​ប្រុស និង​កញ្ញា​ ម៉ៃយ៉ា ថត​ឲ្យ​កម្មវិធី Couple Run។ រូប សហការី
ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន​ Ice Watch លោក មុត បញ្ញា បាន​ឲ្យ​ដឹងពី​គោល​បំណង​នៃ​ការ​រៀបចំកម្ម​វិធី​នេះ​ថា៖ «យើង​មិន​មែន​រៀបចំ​ឡើង​ដើម្បី​អប​អរ​សាទរ​ថ្ងៃ​ Valentine's Day ដែល​​មាន​ន័យ​បែប​យល់​ច្រឡំ​នោះឡើយ​ ​ដូច្នេះ​ហើយ​ទើប​យើង​បង្កើត​កម្ម​វិធី​ Couple Run មាន​ច្រើនគោល​ដៅ​ និង​ចង់​បញ្ជាក់​ន័យ​ឲ្យ​ច្បាស់លាស់​ថា វាគឺ​ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​របស់​យើងទាំង​អស់​គ្នា​ចំពោះ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​រួម​មាន​ឪពុកម្តាយ បង​ប្អូន សាច់​ញាតិ មិត្ត​ភក្តិ​ និង​បង​ប្អូន​រួមជាតិ​តែ​ម្តង​នា​ពេល​ពួក​គេ​ជួប​ផល​លំបាក​ដោយប្រការ​ណា​មួយ​គឺ​យើងម្នាក់​ៗ​អាច​ចែក​រំលែក​នូវ​ក្តីស្រឡាញ់​របស់​យើង​ជួយ​ដល់​ពួក​គាត់​ទៅ​តាម​លទ្ធភាព ឬ​តាម​អ្វី​ដែល​យើង​អាច​ជួយ​បាន»។
សំបុត្រ​ចូល​រួម​ម្នាក់​មួយ​សន្លឹក​ដែល​មាន​តម្លៃ ៦ ដុល្លារ ហើយប្រាក់​បាន​ពី​ការ​លក់​សំបុត្រ​នេះ​ចំនួន ៥០ ភាគរយ​សម្រាប់​ជា​កម្ម​វិធី​សប្បុរស​ធម៌​ដែល​ត្រូវ​យក​ទៅជូន​នៅ​ឯ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង ៥០ ភាគ​រយ​ប្រើប្រាស់​ស​ម្រាប់​ដំណើរ​ការ​កម្ម​វិធី​ដែល​មាន​​រៀបចំ​នូវល្បែង​កម្សាន្ត​នានា​ដែរ។
លោក​ មុត បញ្ញា បង្ហើប​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ១០ ​ខែ​កុម្ភៈ​កន្លង​មក​ថា៖ «បើ​គិត​មកដល់​ថ្ងៃ​នេះ​យើង​បាន​លក់​សំបុត្រ​បាន​ជិត ១០០០ សន្លឹក​ហើយ ដោយ​សង្ឃឹម​ទុក​ថា​នឹង​អាច​លក់​បាន​ពី ២០០០ ទៅ ៣០០០ សន្លឹក​ ​​ដល់​ថ្ងៃទី ១៤ ​ខែ​កុម្ភៈ។ភាគ​ច្រើន​អ្នក​​ដែល​បាន​ជាវ​សំបុត្រ​កន្លង​មក​នេះជាស្ថាប័ន​​រដ្ឋ និង​ក្រុម​ហ៊ុន​ឯក​ជន និង​និស្សិត​នៅ​សាកល​វិទ្យាល័យ​។ យើង​ក៏​មាន​លេង​ល្បែង​កម្សាន្ត​រត់​កាន់​ដៃគ្នា​ចម្ងាយ ២,៥ គីឡូ​ម៉ែត្រ​ និង​រត់​ចងជើង​គ្នា​ចម្ងាយ ១០០ ម៉ែត្រ​បង្ហាញ​សា​មគ្គីភាព និង​ភាព​សិ្នទ្ធស្នាល​ផង​ដែរ​»។
សំបុត្រអាច​​រក​ជាវ​បាន​ ​នៅ​សាខា​ក្រុម​ហ៊ុន​ Ice Watch ផ្លូវ​ព្រះមុនីវង្ស សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​ ជាន់ទី 4 និង​នៅ​ហាង Deluxe Chicken ម្ដុំ​មាត់ទន្លេ៕​​

0 comments:

Post a Comment