
កិច្ចសហប្រតិបត្តិការរវាងធនាគារ ANZ Royal មកពីប្រទេសអូស្ត្រាលី និងហត្ថាកសិករ លីមីតធីត (Hathha Kasekar Limited - HKL) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំទៅ វានឹងផ្តល់ផលប្រយោជន៍ជាច្រើនបន្ថែមទៀតដល់អតិថិជនទាំងអស់មកពីភាគី ទាំងពីរ។
អង្គុយនៅឯការិយាល័យស្ថិតនៅតាមវិថីក្រមួនស លោក Grant Knuckey ប្រធានអគ្គនាយកធនាគារ ANZ Royal បានពន្យល់ អំពីអត្ថប្រយោជន៍នៅក្នុងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថាន ហិរញ្ញវត្ថុទាំងពីរ។
គាត់មានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការជាសម្ព័ន្ធមេត្រីភាពជាមួយនឹងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត គឺជាភាពឆ្លាតវៃមួយនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ វាគឺជាការត្រឹមត្រូវសម្រាប់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីសហការផ្តល់ផលប្រយោជន៍ឲ្យ គ្នាទៅវិញទៅមកទាំងសងខាង។ ទិដ្ឋភាពមួយក្នុងចំណោមទិដ្ឋភាពច្រើននៃសម្ព័ន្ធមេត្រីភាពនេះ គឺការផ្តល់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលជាដំណោះស្រាយប្រសើរ សម្រាប់អតិថិជននៃគ្រឹះស្ថានហិរញ្ញវត្ថុមួយឲ្យពួកគាត់អាចទូទាត់ ជាមួយគ្រឹះស្ថានមួយទៀតបានដោយងាយប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា»។
លោក Sophina Khiev បុគ្គលិកជាន់ខ្ពស់ធនាគារ ANZ Royal ខណៈនៅបម្រើការងារនាទីក្រុងស៊ាងហៃ។ រូបថត សហការី
«សម្ព័ន្ធភាពនេះ វាក៏ផ្តល់ឲ្យយើងអាចមានលទ្ធភាពផ្តល់សេវាកម្មដល់អតិថិជនជាច្រើន នៅតាមទីជនបទដាច់ស្រយាលនៃប្រទេសកម្ពុជា» នេះបើតាមប្រសាសន៍របស់លោក Grant។ «ប្រសិទ្ធភាពរបស់វា គឺអតិថិជនទាំងឡាយអាចធ្វើប្រតិបត្តិការគណនេយ្យរបស់ធនាគារ ANZ បើទោះបីជាពួកគេធ្វើដំណើរចូលទៅកាន់សាខា ការិយាល័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ក៏ដោយ»។
«សម្រាប់ធនាគារ ANZ យើង យល់ឃើញថា ការវិនិយោគលើប្រព័ន្ធ Transactive នេះ គឺជាទស្សនវិស័យដ៏វែងឆ្ងាយមួយ បើទោះបីជាវាមានតម្លៃស្មើនឹងការសាងសង់សាខាជាច្រើនក៏ដោយ។ ប៉ុន្តែវាគឺជាការផ្តល់នូវភាពងាយស្រួលដល់អតិថិជនរបស់យើង ដោយពួកគាត់អាចធ្វើអាជីវកម្មមានប្រសិទ្ធភាពខ្ពស់ជាងមុន និងទទួលបានចំណេញច្រើន»។
ទន្ទឹមនឹងកេរ្តិ៍ឈ្មោះនៅក្នុងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានាំ មុខគេ ធនាគារ ANZ ក៏យកចិត្តទុកដាក់ខ្ពស់នៅក្នុងការអភិវឌ្ឍធនធានមនុស្សយ៉ាងខ្លាំងផង ដែរ។ ជារៀងរាល់ឆ្នាំ ធនាគារនេះតែងតែផ្តល់ឱកាសដល់បុគ្គលិកក្នុងស្រុករបស់ខ្លួនឲ្យទទួល បាននូវវគ្គហ្វឹកហ្វឺនបន្ថែមនៅក្រៅប្រទេសជាមួយនឹងសាខារបស់ ANZ ជាច្រើននៅក្នុងតំបន់។
លោក Grant បញ្ជាក់ថា៖ «ក្រុមបុគ្គលិកប្រកបដោយគុណភាពរបស់យើង គឺជាធនធានដ៏សំខាន់របស់យើង។ ពីដំបូងគឺយើងបានជួលបុគ្គលល្អៗជាមួយនឹងសក្តានុពលខ្ពស់ ហើយបន្ទាប់មកយើងធ្វើការហ្វឹកហាត់ពួកគេឲ្យក្លាយជាធនាគារិកដ៏មាន ទេពកោសល្យ»។
«មានវិធីច្រើនណាស់ដើម្បីអភិវឌ្ឍធនធានមនុស្សរបស់យើង ប៉ុន្តែវិធីសំខាន់បំផុតគឺយើងផ្តល់ឲ្យពួកគាត់ឆ្លងកាត់វគ្គសិក្សា ជាច្រើនលើកជាមួយបណ្តាញរបស់ធនាគារ ANZ នៅក្រៅប្រទេស។ នោះគឺពុំមែនតែនៅប្រទេសអូស្ត្រាលីដូចដែលអ្នករាល់គ្នាគិតនោះទេ ប៉ុន្តែយើងមានទីកន្លែងជាច្រើនក្រៅពីនោះ ដូចជានៅ សិង្ហបុរី ចិន តៃវ៉ាន់ វៀតណាម និងឡាវ»។ នេះបើតាមប្រសាសន៍របស់គាត់។
«បន្ថែមលើសពីនោះទៀត យើងក៏បានគាំទ្របុគ្គលិករបស់យើងជាច្រើនរូបឲ្យគាត់ដាក់បេក្ខភាព ទទួលអាហារូបករណ៍នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីផ្តល់ឲ្យពួកគាត់ទទួលបានការសិក្សានៅបរទេសរយៈពេល១ឆ្នាំ ទៅ២ឆ្នាំ។ បុគ្គលិកច្រើនរូបរបស់ធនាគារ ANZ ទទួលបានជោគជ័យនៅក្នុងកម្មវិធីអាហារូបករណ៍ទាំងនោះ»។
ជារៀងរាល់ឆ្នាំយ៉ាងហោចណាស់មានបុគ្គលិកកម្ពុជា ចំនួនពី៣០ទៅ៤០រូប ទទួលបានការហ្វឹកហ្វឺននៅក្រៅប្រទេស។
«នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បុគ្គលិកកម្ពុជារបស់យើងជាច្រើនរូបបានទទួលការងារជាអចិន្រៃ្តយ៍នៅ ក្រៅប្រទេស ដូចជា ចិន តៃវ៉ាន់ សិង្ហបុរី និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់»។ នេះបើតាមការអះអាងរបស់លោក Grant។
គាត់បន្ថែមថា៖ «ទាំងនេះគឺជា ផ្នែកមួយនៅក្នុងឆន្ទៈនៃការអភិវឌ្ឍ និងអភិវឌ្ឍធនធានមនុស្សនៅក្នុងស្រុករបស់ធនាគារ ANZ»។
បុគ្គលិកធនាគារ ANZ ចែករំលែកបទពិសោធរបស់ខ្លួនរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ លោក Sophina Khiev (ខៀវ សុភីណា) បានបម្រើការងារនៅធនាគារ ANZ Royal វាគឺជារយៈពេលកន្លងផុតទៅយ៉ាងឆាប់រហ័ស។ គាត់បានចាប់ផ្តើមការងាររបស់ គាត់ក្នុងឋានៈជាបុគ្គលិកអភិវឌ្ឍន៍អាជីវកម្ម (Business Development Unit) ដោយទទួលខុសត្រូវការបើកប្រាក់ បៀវត្សរ៍ដល់បុគ្គលិកក្រុមហ៊ុនឯកជននានា និងអង្គការក្រៅ រដ្ឋាភិបាលមួយចំនួន។ បន្ទាប់មកគាត់បានឆ្លងកាត់ឋានៈជាអ្នកផ្គត់ផ្គង់សេវាកម្មធនាគារដល់ អតិថិជនសំខាន់ៗ និងបន្តតំណែងជាអ្នកគ្រប់គ្រងទូទៅនៅសាខា ANZ អូឡាំពិក កាលពីឆ្នាំ២០០៨។ ឥឡូវនេះគាត់មានតួនាទីជា នាយក Associate Director for Multinational Corporate and Financial Institution Group អស់រយៈពេលជិត២ឆ្នាំមកហើយ គឺបន្ទាប់ពីគាត់បានចំណាយពេល៤ឆ្នាំ នៅក្នុងក្រុមការងារ Global Markets (ទីផ្សារពិភពលោក)។
លោក Sophina បានរំឭកអំពីប្រវត្តិការងាររបស់គាត់ថា កាលពីដំបូងឡើយគាត់មានបទពិសោធតិចតួចណាស់នៅក្នុងធនាគារជាលក្ខណៈ អន្តរជាតិ។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់បានទទួលនូវការផ្តល់ឱកាសជាច្រើនលើកច្រើនសាក្នុងការពង្រីក សមត្ថភាពរបស់ខ្លួននៅក្នុងផ្នែកផ្សេងៗនៃឧស្សាហកម្មធនាគារ ដោយបានអភិវឌ្ឍខ្លួនខ្ពស់ឡើងជាបន្តបន្ទាប់។
«ប្រសិនបើពុំមានធនាគារ ANZ Royal ទេ ខ្ញុំប្រហែលជាពុំមានឱកាសក្នុងការរៀនសូត្រ និងអនុវត្តអំពីវិស័យធនាគារជាច្រើនផ្នែកដូច្នេះទេ ហើយជាពិសេសនោះគឺបទពិសោធនៅក្រៅប្រទេសផ្នែកធនាគារក្នុង ការអភិវឌ្ឍខ្លួននៅក្នុងវិស័យនេះ» នេះបើតាមប្រសាសន៍របស់លោក Sophina។ គាត់ត្រូវបានបញ្ជូនឲ្យទៅសិក្សា និងបំពេញការងារជាផ្លូវការនៅប្រទេសក្រៅជាច្រើនលើកដូចជានៅ ចិន និងសិង្ហបុរី។
គាត់បន្ថែមថា «មានពេលខ្លះត្រូវធ្វើការនៅក្នុងក្រុមចម្រុះជាតិសាសន៍នៅក្នុង តំបន់ ដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដល់បណ្តាក្រុមហ៊ុនអន្តរជាតិ ធំៗ នៅជុំវិញពិភពលោក»។
«នៅក្នុងការបំពេញការងាររយៈពេលមានកំណត់ជាមួយក្រុមទីផ្សារ ពិភពលោក នៅនាគារ ANZ Shanghai នៅទីក្រុងស៊ាងហៃ ប្រទេសចិន ខ្ញុំបានស្វែងយល់និងទទួលបន្ទុកអំពីលំហូរចរន្តវិនិយោគទុនរបស់ចិន ចូលមកកាន់ប្រទេសកម្ពុជា ដោយកិច្ចការនោះមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្រុមហ៊ុនចិន និងក្រុមការងារនៅក្នុងស្រុករបស់យើង។ ការងាររបស់ខ្ញុំជាមួយនឹងក្រុមការងារនៅទីក្រុងស៊ាងហៃ គឺការរៀបចំដំណើរការទូទាត់បញ្ជីហិរញ្ញវត្ថុ ដែលអាចអនុលោមឲ្យធនាគារ ANZ Royal អាចចរាចរប្រាក់យន់ របស់ចិន ទៅឲ្យអតិថិជនរបស់ខ្លួន ដើម្បីផ្តល់លទ្ធភាពធ្វើអាជីវកម្មជំនួញរបស់ពួកគេ» នេះបើតាមការអះអាងបន្ថែមរបស់លោក Sophina។
លោក Sophina បានពន្យល់ថា ការងារនោះបានធ្វើឲ្យគាត់អាចស្វែងយល់កាន់តែច្រើនអំពីសន្ទុះល្បឿន នៃការវិនិយោគនៅជុំវិញពិភពលោកតាមរយៈធនាគារ ជាពិសេសគឺសារសំខាន់របស់ធនាគារ ANZ នៅក្នុងតំបន់ ដែលវាបានដើរតួនាទីជាស្ពានតភ្ជាប់ ប្រកបដោយសមត្ថភាពខ្ពស់ និងក្លាហាន ដោយអាចជួយអតិថិជនរបស់ខ្លួនក្នុងការធ្វើការវិនិយោគ និងជំនួញ នៅឆាកអន្តរជាតិរៅទាក់ទងជាមួយប្រទេសកម្ពុជា។
«នៅក្នុងឧស្សាហកម្មធនាគារ ខ្ញុំគិតថា ប្រទេសកម្ពុជាបានបង្ហាញអំពីសក្តានុពល និងឱកាសជាច្រើនក្នុងនាមជាទីផ្សារថ្មី ដែលនោះហើយជាហេតុផលនាំឲ្យមានកំណើនធនាគារបរទេសជាច្រើននៅក្នុង ទីផ្សាកម្ពុជា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ» នេះបើតាមការអះអាងរបស់លោក Sophina។
«ដូច្នេះ យើងត្រូវតែប្រញាប់ប្រញាល់ នោះហើយដែលធនាគារ ANZ Royal នៅក្នុងប្រទេសកម្ពុជា តែងតែធ្វើអ្វីៗឈានមុខគេ និងជានិច្ចកាលបាននាំឲ្យមានការអភិវឌ្ឍរីកចម្រើននៅក្នុងផ្នែកធនាគារ សម្រាប់ប្រទេសនេះ ហើយយើងតែងតែឈានមុខ គេក្នុងផ្តល់នូវសេវាកម្មល្អប្រសើរដល់អតិថិជនទូទៅរបស់យើង»៕
0 comments:
Post a Comment