រូបថត លោក Monty Oum ពេលចូលរួម ក្នុងកម្មវិធីមួយ
លោក Monty Oum កើតនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៨១ បានទទួលមរណភាព ក្នុងវ័យ ៣៣ឆ្នាំ កាលពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ ២០១៥ ដោយសារតែ មានប្រតិកម្ម អាលាក់ស៊ីធ្ងន់ធ្ងរ ក្នុងដំណាក់កាល ព្យាបាល ជម្ងឺភ្លឹកស្មារតីរបស់គាត់ នៅក្រោយពេល ត្រូវបានបញ្ជូនមក សំរាកព្យាបាល នៅមន្ទីរពេទ្យ ចាប់តាំងពីថ្ងៃទី ២១ មករា ឆ្នាំ២០១៥ មក។
លោក Monty Oum មានជំនាញ ខាងផលិតភាពយន្តគំនូរជីវចល ធ្វើការឲ្យ ផលិតកម្ម Rooster Teeth មានទីតាំងនៅ រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ រំលឹកដល់ជីវប្រវត្តិរបស់គាត់ លោក Monty Oum (ប្រកបអក្សរខ្មែរ៖ អ៊ុំ ម៉ុនទី) មានសញ្ជាតិ អាមេរិកកាំង ធ្លាប់បានឲ្យដឹងថា រូបគាត់មានដើមកំណើត ជនជាតិ ខ្មែរ, វៀតណាម, ចិន និង ជប៉ុន។ គាត់មានទេពកោសល្យ ក្នុងការបង្កើតតួអង្គគំនូរជីវចល សំរាប់ទាំង ភាពយន្ត និង ហ្គេម។ នៅក្នុងឆ្នាំ២០០៧ ក្រោយពីស្នាដៃ ហ្គេមមួយ ឈ្មោះ Haloid ត្រូវបានបញ្ចេញ ឲ្យលេងជាផ្លូវការ ក្នុងរយះពេល ត្រឹមតែ ២ខែប៉ុណ្ណោះ លោក Monty Oum ត្រូវបានក្រុមហ៊ុនផលិតហ្គេមមួយ ចាប់អារម្មណ៍ និងបានទាក់ទង រូបគាត់ ឲ្យធ្វើការ ផ្នែកឌីហ្សាញគំនូរជីវចល សំរាប់ប្រភេទហ្គេម បែបប្រយុទ្ធតទល់គ្នា (Combat)។ លុះដល់ឆ្នាំ ២០០៨ គាត់ត្រូវបាន ក្រុមហ៊ុនហ្គេម មួយទៀត ឈ្មោះ Namco Bandai ទាក់ទងឲ្យទៅធ្វើការ ជាអ្នកផលិតភាពយន្តគំនូរជីវចល បន្ថែមពីលើមុខងារចាស់ សំរាប់ជួយគាំទ្រទៅលើ ការផលិត ហ្គេមឈ្មោះ Afro Samurai (មានលេងលើ PlayStation 3 និង Xbox 360) ហើយដែលសាច់រឿង ហ្គេមនេះ ក៏មានជាភាពយន្ត គំនូរជីវចលផងដែរ។ ក្រោយៗមកទៀត ក្នុងឆ្នាំ ២០០៩ គាត់សំរេចចិត្ត ចាប់ដៃសហការ ជាមួយនឹងផលិតកម្ម Rooster Teeth ធ្វើការជាអ្នកបង្កើតតួអង្គគំនូរជីវចល ព្រមទាំងចលនារបស់តួអង្គ។ ចុងក្រោយ ក្នុងឆ្នាំ២០១២ គាត់ត្រូវបានប្រកាស ក្លាយជាផលិតករ និង ជាអ្នកដឹកនាំការបង្កើត គំនូរជីវចល ហើយស្នាដៃចុងក្រោយ ដែលជោគជ័យ គឺរឿង RWBY នេះឯង។
គួរបញ្ជាក់ដែរថា នៅក្នុងគ្រាដែលគាត់ សំរាកព្យាបាលជម្ងឺ នៅឯមន្ទីរពេទ្យ គាត់ត្រូវបានគេ ជួយទំនុកបំរុង ដោយបង្កើតឲ្យមានជា មូលនិធិមួយ សំរាប់ទ្រទ្រង់ ការចំណាយ លើថ្លៃព្យាបាល ហើយចំនួនប្រាក់ តាមរយះ មូនិធិនេះដែរ បានកើនដល់ ២១០,០០០ដុល្លារអាមេរិក នៅមុនពេល ដែលគាត់ លាចាកលោកទៅ។ សំរាប់លុយពីមូលនិធិនេះ ផលិតកម្ម Rooster Teeth នឹងចាត់ចែង ប្រគល់ជូន ទៅកាន់ក្រុមគ្រួសារសាច់ញាតិ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ បន្តទៅទៀត ក្រោយពីបាត់បង់ លោក Monty Oum ទៅ៕
លោក Monty Oum ក្នុងស្ទាយសក់ ពណ៌មាស ដូចក្នុងគំនូរជីវចល
តើប្រិយមិត្ត ធ្លាប់ដែលប្រទះឃើញ ឬ លឺ ពីស្នាដៃ ដូចបាន រៀបរាប់ខាងលើដែរទេ?
0 comments:
Post a Comment